ខេត្តព្រះសីហនុ៖កាលពីថ្ងៃទី ១-២ ខែមេសា ឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៥។ពិធីបើកអង្គសិក្ខាសាលា ប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ២៥០ រូប ។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ណែនាំ និង លើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យត្រង់ត្រាប់ស្តាប់បទបង្ហាញ ការណែនាំរបស់មន្រ្តីជំនាញរៀបចំផែនការរបស់អគ្គលេខាធិការដ្ឋាន ពីការគ្រោងរៀបចំផែនការថវិកាសម្រាប់ឆ្នាំ ២០២៥ ព្រមទាំងបំផុសគំនិតឱ្យក្រុមការងារទាំងអស់ផ្តោតលើបេសកកម្មសំខាន់ៗរបស់អង្គភាពដោយផ្សារភ្ជាប់ជាមួយគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល និង ចូលរួមផ្តល់យោបល់ កែលម្អ ក្នុងការរៀបចំ ការវិភាជន៍ថវិកា ដើម្បីឱ្យការអនុវត្តថវិកាកាន់តែមានប្រសិទ្ធភាព មានគុណភាពដើម្បីឆ្លើយតបទៅបានលើគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង គោលនយោបាយរាជរដ្ឋាភិបាល ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាប់ផ្តើមអនុវត្តព័ត៌មានសមិទ្ធកម្មដំបូងគេ ដើម្បីជាគំរូសម្រាប់ក្រសួង-ស្ថាប័នដទៃ ។